វេទិកាកម្ពុជា ៤.០ លើកទី៤ ស្ដីពី «ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល»
នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥ នេះ មជ្ឈមណ្ឌលកម្ពុជា ៤.០ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា បានសហការគ្នារៀបចំវេទិកាកម្ពុជា ៤.០ លើកទី៤ ស្ដីពី «ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ ។
វេទិកានេះ រៀបចំឡើងដើម្បីបង្កើនការយល់ដឹង និងផ្សព្វផ្សាយពីការវិវត្តន៍នៃបច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល ដែលបាននាំមកនូវសេវាសុខភាពឌីជីថលដែលមានភាពឆ្លាតវៃ និងងាយស្រួល សម្រួលដល់ការតាមដានសុខភាពរបស់ប្រជាពលរដ្ឋតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ ជាមួយគ្នានេះដែរ វេទិកានេះក៏ជាឱកាសសម្រាប់សិក្សាស្វែងយល់ពីបញ្ហាសុខភាព តាមរយ:ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការពិគ្រោះយោបល់ជាមួយគ្រូពេទ្យពីចម្ងាយ និងអាចតាមដានសុខភាពកម្រិតបឋមនៅផ្ទះដោយខ្លួនឯងតាមរយៈឧបករណ៍ឌីជីថល ដូចជានាឡិការឆ្លាតវៃ ទូរសព្ទឆ្លាតវៃ និងឧបករណ៍តាមដានកាយសម្បទាជាដើម។
អញ្ជើញចូលរួមក្នុងវេទិកានេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រីជាតំណាងមកពីក្រសួងស្ថាប័ន វិស័យឯកជន អង្គការមិនមែនរាជរដ្ឋាភិបាល សមាគមន៍ពាក់ព័ន្ធ គ្រឹះស្ថានអប់រំនានា ប្អូនៗនិស្សិត និងសមាជិក សមាជិការស.ស.យ.ក. ប្រមាណ ៣០០នាក់។

























