សេចក្ដីប្រកាសព័ត៌មាន
សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃវេទិកាកម្ពុជា ៤.០ លើកទី៥ ស្តីពី «ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០។
សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃវេទិកាកម្ពុជា ៤.០ លើកទី៥ ស្តីពី «ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០។
នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥ នេះ មជ្ឈមណ្ឌលកម្ពុជា ៤.០ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា បានសហការគ្នារៀបចំវេទិកាកម្ពុជា ៤.០ លើកទី៤ ស្ដីពី «ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ ។ វេទិកានេះ រៀបចំឡើងដើម្បីបង្កើនការយល់ដឹង និងផ្សព្វផ្សាយពីការវិវត្តន៍នៃបច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល ដែលបាននាំមកនូវសេវាសុខភាពឌីជីថលដែលមានភាពឆ្លាតវៃ និងងាយស្រួល សម្រួលដល់ការតាមដានសុខភាពរបស់ប្រជាពលរដ្ឋតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ ជាមួយគ្នានេះដែរ វេទិកានេះក៏ជាឱកាសសម្រាប់សិក្សាស្វែងយល់ពីបញ្ហាសុខភាព តាមរយ:ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការពិគ្រោះយោបល់ជាមួយគ្រូពេទ្យពីចម្ងាយ និងអាចតាមដានសុខភាពកម្រិតបឋមនៅផ្ទះដោយខ្លួនឯងតាមរយៈឧបករណ៍ឌីជីថល ដូចជានាឡិការឆ្លាតវៃ ទូរសព្ទឆ្លាតវៃ និងឧបករណ៍តាមដានកាយសម្បទាជាដើម។ អញ្ជើញចូលរួមក្នុងវេទិកានេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រីជាតំណាងមកពីក្រសួងស្ថាប័ន វិស័យឯកជន អង្គការមិនមែនរាជរដ្ឋាភិបាល សមាគមន៍ពាក់ព័ន្ធ គ្រឹះស្ថានអប់រំនានា ប្អូនៗនិស្សិត និងសមាជិក សមាជិការស.ស.យ.ក. ប្រមាណ ៣០០នាក់។
កាលពីថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានរៀបចំសន្និសីទស្ដីពី «នវានុវត្តន៍នៃការព្យាបាលលើផលវិបាក សរសៃឈាមតូចៗ លើអ្នកជំងឺទឹកនោមផ្អែម និងក្នុងការព្យាបាលជំងឺក្រពេញទីរ៉ូអ៊ីត» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដោយមានវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូប ដែលអញ្ជើញមកពីប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា និងថៃ ព្រមទាំងមានការចូលរួមពីនិស្សិត វេជ្ជបណ្ឌិត សាស្ដ្រាចារ្យ ទាំងជាតិ និងអន្តរជាតិប្រមាណ ៤០០នាក់។ សន្និសីទនេះ ធ្វើឡើងក្នុងគោងបំណងដើម្បីជួបជុំ និងចែករំលែកចំណេះដឹង នវានុវត្តន៍ និងបច្ចេកវិទ្យាថ្មីៗ ទាក់ទងនឹងជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត។
នៅព្រឹកថ្ងៃសៅរ៍ ២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានរៀបចំពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី៣ ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងកាព្យាបាលជំងឺទឹកនោមផ្អែម ដែលមានជំងឺមេតាបូលីក ជំងឺបេះដូង និងបច្ចេកវិទ្យាក្នុងការព្យាបាលជំងឺទឹកនោមផ្អែមចំពោះស្រ្តីមានផ្ទៃពោះ» ក្រោមអធិបតី ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ ក្នុងសន្និសីទនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សាស្រ្តាចារ្យ ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យជំនាញ និងវាគ្មិនជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីក្រៅប្រទេសសិង្ហបុរី ឥណ្ឌា និងមីយ៉ាន់ម៉ា ព្រមទាំងមានការចូលរួមពីដៃគូសហការ និស្សិត និងវេជ្ជបណ្ឌិត សរុបប្រមាណជាង៦០០នាក់។
ពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី២ របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត» នាព្រឹកថ្ងៃសៅរ៍ ២កើត ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ក្នុងសន្និសីទនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្រ្តាចារ្យ ថ្នាក់ដឹកនាំ ជាក្រុមគ្រូពេទ្យជំនាញ និងវាគ្មិនជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីក្រៅប្រទេសដូចជា៖ សិង្ហបុរី ឥណ្ឌា និងស្រីលង្កាផងដែរ។
ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា លោកវេជ្ជបណ្ឌិត ធី សុវណ្ណមុន្នី បានចុះអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយផ្អែកលេីឯកសារ «សៀវភៅជំនួយស្មារតីសម្រាប់អ្នកជំងឺទឹកនោមផ្អែម» ដែលរៀបចំផលិតដោយសមាគម។ ការអប់រំ និងផ្សព្វផ្សាយនេះ ក្នុងគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងអំពីវិធីបង្ការ ការព្យាបាល និងចេះរស់នៅជាមួយជំងឺទឹកនោមផ្អែម ដែលជាចំណុចសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមប្រភេទទី២។
ក្រុមការងាររបស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា លោកវេជ្ជបណ្ឌិត ចាន់ តារា បានចុះផ្សព្វផ្សាយចំណេះដឹងអំពីជំងឺទឹកនោមផ្អែម និងផលវិបាកនៃជំងឺដល់សិស្សានុសិស្សនៅវិទ្យាល័យត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ ការផ្សព្វផ្សាយនេះ ក្នុងគោលបំណងដើម្បីឱ្យសិស្សានុសិស្សទាំងអស់យល់ដឹង និងចេះការពារខ្លួន កុំឱ្យកើតជំងឺ ទឺកនោមផ្អែមតាំងពីវ័យក្មេង។
ជំងឺទឹកនោមផ្អែមជាជំងឺមិនឆ្លង ដែលបង្កឱ្យអ្នកជំងឺមានគ្រោះថ្នាក់ដោយស្ងៀមស្ងាត់។ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ដែលបង្កឡើងពីជំងឺទឹកនោមផ្អែម ទាមទារឱ្យមានការយកចិត្តទុកដាក់ ការពន្យល់បានក្បោះក្បាយពីគ្រូពេទ្យជំនាញទៅដល់អ្នកជំងឺអំពីទិសដៅនៃការព្យាបាល របបអាហារ និងអត្ថប្រយោជន៍នៃការហាត់ប្រាណជាដើម។ លើសពីនេះទៅទៀត សៀវភៅជំនួយស្មារតីសម្រប់អ្នកជំងឺ និងវីដេអូអប់រំក្នុងទូរសព្ទដៃពិតជាមានសារៈសំខាន់សម្រាប់ជំនួយបន្ថែមនៅផ្ទះ ដើម្បីឱ្យអ្នកជំងឺអាចយល់ដឹងបានកាន់តែច្បាស់ពីជំងឺរបស់ខ្លួន។ លោកស្រីវេជ្ជបណ្ឌិត អ៊ាម សេរីរដ្ឋ ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺក្រពេញអរម៉ូន ដែលបម្រើការនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានអប់រំអ្នកជំងឺទឹកនោមផ្អែម ដោយផ្អែកលើឯកសារយោង «សៀវភៅជំនួយស្មារតីសម្រាប់អ្នកជំងឺទឹកនោមផ្អែម» របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ។
កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា (CADET) និងអង្គការសកម្មភាពដើម្បីជំងឺទឹកនោមផ្អែម (Action4Diabetes) បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបញ្ជ្រាបចំណេះដឹង និងផ្ដល់ព័ត៌មានទាក់ទងនឹងជំងឺទឹកនោមផ្អែមប្រភេទទី១ សម្រាប់អ្នកជំងឺទឹកនោមផ្អែមនៅកម្ពុជា។ កិច្ចសហការគ្នារវាងស្ថាប័នទាំងពីរនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់បំផុតដើម្បីបង្កើនការអប់រំផ្នែកសុខភាព ជាពិសេសបញ្ជ្រាបចំណេះដឹងទាក់ទងនឹងជំងឺទឹកនោមផ្អែមប្រភេទទី១ ឱ្យកាន់តែទូលំទូលាយថែមទៀតដល់សាធារណជន។ ការបញ្ជ្រាបចំណេះដឹងទាក់ទងនឹងជំងឺទឹកនោមផ្អែមតាមបែបឌីជីថល ពិតជាមានសារៈសំខាន់ និងបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកជំងឺទឹកនោមផ្អែមក្នុងការស្វែងរកព័ត៌មានពាក់ព័ន្ធនានា។